ឯកឧត្តម ចាយ បូរិន រួមជាមួយគណៈសង្ឃទាំងពីរគណៈ យាង និមន្ត អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជា ទិសខេត្តព្រះវិហារ

ព្រះវិហារ ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ លោក លោកស្រីថា្នក់ដឹកនាំ និងមន្រី្តរាជការក្រសួងធម្មការនិងសាសនា បានយាង និមន្ត និងអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពជួរមុខ ដែលឈរជើងស្ថិតនៅទិសខេត្តព្រះវិហារ។

សម្តេចព្រះសង្ឃនាយកទាំងពីរគណៈ បានប្រសិទ្ធីពរជ័យ សិរីមង្គល វិបុលសុខ និងជយន្តោ ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ទិសព្រះវិហារ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ និងសូមឱ្យឈ្នះអស់មារសត្រូវគ្រប់ទិសទីកុំអាក់ខានឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹកជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសខេត្តព្រះវិហារ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ពទាំងនៅសមរភូមិមុខ និងសមរភូមិក្រោយ។ ភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខរបស់យើង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីជំហរដ៏រឹងមាំនៅក្នុងការដាក់ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ដោយយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មានទិសដៅច្បាស់លាស់ ផ្អែកលើផ្លូវច្បាប់អន្តរជាតិ និងក្នុងតំបន់ ក្នុងការការពារអធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូរជាតិ ហើយប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការនាំយកបញ្ហាដែនដី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងការប្រើនូវយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការចរចា និងដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយរួមទាំងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន ក្នុងករណីមានការឈ្លានពានណាមួយ។

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេច ព្រះមន្ត្រីព្រះសង្ឃទាំងពីរគណៈតាមឋានានុក្រម រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រះមន្រ្តីសង្ឃទាំងពីរគណៈបានធ្វើការបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងអស់ នៅលើលោកសូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យទទួលបានជោគជ័យលើសត្រូវដែលប៉ុនប៉ងឈ្លានពាន យកទឹកដីរបស់យើង និងដើម្បីថែរក្សាការពារសុខសន្តិភាព និងការបង្រួបង្រួមជាតិដែលជាកេរ្តិ៍ដំណែលរបស់ស្ថាបនិក អគ្គមគ្គទេស៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដើម្បីអនុវត្តឱ្យបានជោគជ័យលើគ្រប់ទិសដៅ គ្រប់ជ្រុងជ្រោយ ទៅតាមគោលនយោបាយ ដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្រ្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

អំណោយដែលឯកឧត្តមរដ្ឋមន្រ្តី និងសម្តេចព្រះសង្ឃនាយកទាំងពីរគណៈ នាំយកទៅប្រគល់ជូនកងទ័ពនៅខ្សែត្រៀមជួរមុខនៅទិសប្រាសាទព្រះវិហារ រួមមាន ថវិកា និងគ្រឿងឧបភោគបរិភោគ ជាច្រើនមុខផងដែរ។

នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងនាមកងកម្លាំងកម្ពុជា បានក្រាបបង្គំទូលថ្វាយថ្លែងព្រះអំណរគុណដល់សម្តេចព្រះសង្ឃទាំងពីរគណៈ ឯកឧត្តម ចាយ បូរិន និងប្រតិភូអមដំណើរដែលបានមកចុះសួរសុខទុក្ខ និងនាំយកនូវព្រះរាជអំណោយជាថវិការួមជាមួយនិងគ្រឿងឧបភោគបរិភោគ ដូចជា មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត សាច់គោងៀត ទឹកបរិសុទ្ធ ថ្នាំសង្កូវ តង់កៅស៊ូ កំសៀវ ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធនាពេលនេះ៕

អត្ថបទ រដ្ឋា