សម្តេចតេជោ ហ៊ុន សែន៖ តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់​ស៊ីន ដែលជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំឬទេ?

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិការជួយកំទេចបទល្មើសអនឡាញនៅលើទឹកដីរបស់ខ្លួន។ សម្តេចតេជោបានចាត់ទុកថា នេះជាការចូលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយលំហូរនៃបទល្មើសអនឡាញពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា។

នៅក្នុងសារនោះ សម្តេចតេជោបានរិះគន់ថា ការបង្ក្រាបសំបុកបទល្មើសអនឡាញនេះ គួរតែធ្វើឡើងតាំងពីយូរយារណាស់មកហើយ មិនគួរទុកដល់ពេលនេះទើបធ្វើនោះទេ។ សម្តេចបានបញ្ជាក់ថា កន្លងមក បទល្មើសអនឡាញដែលកើតចេញពីទឹកដីថៃ ជាពិសេសនៅតាមបណ្តោយព្រំដែន បានបង្កបញ្ហាជាច្រើនដល់ប្រទេសកម្ពុជា។

ទាក់ទងនឹងមតិដែលលើកឡើងដោយអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ ដែលបានផ្សារភ្ជាប់ការបង្រ្កាប និងការស៊ើបអង្កេតលើលោក កុក អាន ជាមួយនឹងទំនាក់ទំនងជិតស្និទ្ធរបស់លោកទៅនឹងសម្តេចតេជោ ហ៊ុន សែន នោះ សម្តេចបានមានប្រសាសន៍ថា ប្រសិនបើដូច្នោះមែន តុលាការថៃក៏គួរតែបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា លោក ថាក់ស៊ីន គឺជាបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយសម្តេច រហូតដល់មានបន្ទប់ស្នាក់នៅក្នុងផ្ទះរបស់សម្តេចទៀតផង។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងរង់ចាំមើលថាតើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរឬយ៉ាងណា។