ស្លា.ប់២នាក់​ និងរបួស១៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវព្រលានយន្តហោះសៀមរាបអង្គរ.!

ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥

 

សៀមរាប៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានបាត់បង់ជីវិត ខណៈ១៤នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់រថយន្ត២គ្រឿង និងរ៉ឺម៉កមួយគ្រឿងបុកគ្នាពេញទំហឹង នៅរសៀថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ លើផ្លូវព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងភូមិដំរីកូន ឃុំ ពពេល ស្រុកសូទ្រនិគម ។

យោងតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ចដែលបានចុះទៅអន្តរាគមន៍ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ គឺរវាងរថយន្តម៉ាកលុចសុីស RX 300 ពាក់ស្លាកលេខភ្នំពេញ ២M-៨៩៥៣ បុកជាមួយរថយន្តម៉ាកហ្វដពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ២D-១៩៩៧ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយបន្តទៅបុករ៉ឺម៉កមួយគ្រឿងទៀតបណ្ដាលឱ្យស្លាប់មនុស្ស២នាក់ ខណៈមនុស្ស១៤នាក់ផ្សេងទៀតត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុ កម្លាំងមន្ត្រីនគរបាលជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែមព្រមទាំងធ្វើការវាស់វែង និងសម្រួលការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ។ រីឯ សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកអត្តសញ្ញាណ ដើម្បីផ្ដល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕