ឯកឧត្តម នេត្រ ភក្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា កុមារប្រៀបដូចជាទំពាំងស្នងឫស្សី ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តដល់កុមារទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីក្លាយជាទំពាំងដែលមានគុណភាពទៅថ្ងៃអនាគត។
ការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសដែលឯកឧត្ដម និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានអញ្ជើញក្នុងពិធីចែកកាបូប សម្ភារសិក្សា នំ បាល់ទាត់ និងអាវកីឡាចំនួន ៣០០កំប្លេរ ជូនដល់សិស្សានុសិស្សប្រមាណ៥០០នាក់ នៅសាលាបឋមសិក្សាព្រះគ្រូ គឹម ឯម ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និង លោក Kevin Luo អគ្គនាយក និងជាស្ថាបនិកអង្គការមនុស្សធម៌វ័នរ៉ូដ Oneroad Group (Cambodia) Co., Ltd. ព្រមទាំងអាជ្ញាធរ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សជាច្រើនរូបទៀត។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ក្មួយៗកុមារជាទំពាំងនឹងត្រូវស្នងឫស្សីដែលជាឳពុកម្តាយ ជីដូនជីតា និងសង្គមជាតិរបស់យើងនាពេលអនាគត ហើយដើម្បីក្លាយខ្លួនជាឫស្សីមានគុណភាព ត្រូវខិតខំរៀនសូត្រឱ្យបានពូកែ មានចំណេះដឹងខ្ពង់ខ្ពស់ ហើយយកចំណេះដឹងទាំងនោះមកបម្រើប្រទេសជាតិមាតុភូមិ។ ឯកឧត្តមរដ្ឋមន្រ្ដីបានជំរុញលើកទឹកចិត្តដល់កុមារទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ក្រេបចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ និងធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើកុមារក៏ដូចជាសិស្សានុសិស្សផងដែរថា ការចែករំលែកសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកមិនត្រឹមតែនៅក្នុងរង្វង់គ្រួសារប៉ុណ្ណោះទេ គឺគ្រប់គ្នាអាចចែករំលែកសេចក្តីស្រឡាញ់ដល់អ្នកនៅជុំវិញខ្លួនយើងបានគ្រប់ពេល ដូចជាកម្មវិធីចែកកាបូប និងសម្ភារសិក្សាក្នុងថ្ងៃនេះគឺជាការចែករំលែកសេចក្តីស្រឡាញ់ចំពោះក្មួយៗ ដើម្បីអបអរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា កំណើនប្រកបដោយចីរភាព និងភាពធន់»។
សូមជម្រាបជូនផងដែរថា កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះ ការយកចិត្ត ទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយ សក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត៕ ដោយ៖ ទូច វលក័្ខណ, រូបថត៖ ខឹម សុវណ្ណារ៉ា