អូស្ត្រាលីមកពង្រឹងភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាសម្រាប់យុទ្ធសាស្ត្រដ៏យូរអង្វែង
ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស អូស្រ្តាលីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនូវ “ផែនការភាពជាដៃគូ សម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩។
ផែនការភាពជាដៃគូនេះបានប្រកាសកាលពីថ្ងៃទី២៤មិថុនាឆ្នាំ២០២៥នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែល បានបញ្ជាក់ជាថ្មីនូវការ ប្តេជ្ញាដ៏មុតមាំ និងយូរអង្វែងរបស់អូស្ត្រាលីក្នុងការគាំទ្រ ដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា។
ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ មានគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ។
ដោយឡែកផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩នេះ បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ របស់អូស្ត្រាលីជាមួយកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រួមមាន៖ ១) ការពង្រឹងស្ថាប័ន ២) សេវាសាធារណៈប្រកបដោយបរិយាប័ន្ន និង ៣) សេដ្ឋកិច្ចដែលមានភាពធន់ និងចីរភាព ។
សូមរម្លឹកថា ជំនួយប្រទេសអូស្រ្តាលីមកកម្ពុជាបានចាប់ផ្តើមពីឆ្នាំ១៩៩០ ហើយបានចាប់ផ្តើមផ្តល់លើគ្រប់វិស័យ ដូចជាបានផ្តល់ប្រាក់៤៤.០៥លានដុល្លារអាមេរិកសម្រាប់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រហូតបានផ្តល់ជំនួយសម្រាប់ ការងារកសិកម្ម ការងារអប់រំ ការបោសសម្អាតគ្រាប់មីន ការងារប្រយុទ្ធប្រឆាំងការរត់ពន្ធ និងការជួញដូរមនុស្ស, ការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី, ទេសចរណ៍ផ្លូវភេទលើកុមារ, ការជួញដូរគ្រឿងញៀន, ការឆបោក និងភេរវកម្ម និងជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
សូមបញ្ជាក់ថា កន្លងមកនេះប្រទេសអូស្ត្រាលីជាប្រទេសផ្តល់ជំនួយដល់កម្ពុជា តែក្រោយមក ប្រទេសនេះបានក្លាយទៅជាប្រទេសដៃគូរអភិវឌ្ឍន៍ជាមួយកម្ពុជា ដោយលែងផ្តោតលើការអនុវត្តគម្រោងជំនួយដោយខ្លួនឯងនៅតាមមូលដ្ឋាន និងការអនុវត្តគម្រោងទ្រង់ទ្រាយតូចនានាដែរ។ផ្ទុយទៅវិញ រដ្ឋាភិបាលអូស្ត្រាលីបានងាកទៅធ្វើការងារជាមួយរដ្ឋាភិបាល និងដៃគូផ្សេងទៀតរួមទាំងផ្នែកឯកជនផងដើម្បីជំរុញដល់ការអភិវឌ្ឍជារួម។
សូមបញ្ជាក់ថា ប្រទេសផ្តល់ជំនួយគឺជាប្រទេសដែលផ្តល់ថវិកាដល់ប្រទេសមួយទៀតដើម្បី ដោះស្រាយបញ្ហាបន្ទាន់ណាមួយ ដោយមិនបានចូលរួមជាសកម្មភាពនោះទេ។ ប៉ុន្តែប្រទេសភាពជាដៃគូអភិវឌ្ឍន៍គឺជាប្រទេសដែល ផ្តល់ថវិកាហើយបានចូលរួមលើកផែនការ សកម្មភាពហើយបានចូលរួមអនុវត្តផែនការទៀតផង។
សូមរម្លឹកថា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអូស្ត្រាលី ផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា រហូតជាង ១ ប៊ីលានដុល្លារអាមេរិក ដើម្បីដំណើរការលើគម្រោងអភិវឌ្ឍន៍លើវិស័យអាទិភាពនៅកម្ពុជា មានដូចជា មនុស្សធម៌ ពហុវិស័យ និងវិស័យអភិវឌ្ឍន៍ទូទៅ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសេវាកម្ម អប់រំ កសិកម្ម ពាណិជ្ជកម្ម និងវិស័យផលិតកម្មផ្សេងៗទៀត អភិបាលកិច្ច ការប្រែប្រួល អាកាសធាតុ ការបោសសម្អាតមីននិង សុខភាព៕