កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយពីវៀតណាម នូវ មុខទំនិញដើមកំណើតនៅកម្ពុជាចំនួន២៨បន្ទាត់ពន្ធគយ

កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយពីវៀតណាម នូវ មុខទំនិញដើមកំណើតនៅកម្ពុជាចំនួន២៨បន្ទាត់ពន្ធគយ

ក្នុងសប្ដាហ៍នេះក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានបញ្ជាក់អំពីការទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%)នូវមុខទំនិញដែល​មានដើមកំណើតនៅប្រទេសកម្ពុជាចំនួន ២៨បន្ទាត់ពន្ធគយ ពីប្រទេសវៀតណាម សម្រាប់​អនុវត្តឆ្នាំ២០២៥-២០២៦។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បញ្ជាក់ថា ក្រោមកិច្ចសម្រប​សម្រួល​ជំរុញពាណិជ្ជកម្ម​ទ្វេភាគី​រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល​នៃសាធារណ​រដ្ឋសង្គម​និយមវៀតណាម ដែលបានចុះហត្ថលេខា​កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះ កម្ពុជាទទួលបាន​ភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើម​កំណើតនៅ ប្រទេសកម្ពុជា ចំនួន ២៨បន្ទាត់ពន្ធ​គយ​ពីសាធារណរដ្ឋ​សង្គមនិយមវៀតណាម។

តាមរយៈភាពអនុគ្រោះពន្ធនេះ ក្រសួងពាណិជ្ជកម្មបានប្រាប់​ដល់ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបន​បត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.​moc.gov.kh ចំពោះ​មុខទំនិញ ចំនួន ២៨បន្ទាត់ពន្ធគយនេះ ដើម្បីនាំចេញទៅកាន់សាធារណរដ្ឋ​សង្គមនិយមវៀតណាម ក្រោមអត្រា​អនុគ្រោះពន្ធសូន្យភាគរយ (០%)។

ដោយឡែកសម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់​អនុវត្តឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម​​បាន​សុំឱ្យ​ផលិតករ និងអ្នកនាំ​ចេញ មកដាក់ពាក្យស្នើសុំនៅក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយ​កដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការ​ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។

សូមជម្រាបថា ផលិតផល​សំខាន់ៗ ​ដែល​កម្ពុជានាំទៅ​ប្រទេសវៀត​ណាម រួមមាន​ដូចជា ស្រូវ​ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ និងថ្នាំជក់ ជាដើម។ ចំណែក​វៀតណាម​ នាំផលិតផលមក​កម្ពុជាវិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ខ​បក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស ​បន្លែ និងផ្លែឈើ

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​(GDCE) បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀត​ណាម សម្រេចបាន​ទឹកប្រាក់​ ៧,៧៨ ពាន់លានដុល្លារ ចំនួននេះកើនឡើង១៨,២ភាគរយ បើធៀបនឹង​ឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ជាង ៦,៥៨ ពាន់លានដុល្លារ។ ទិន្នន័យរបស់កម្ពុជា​នាំចេញ​ទៅ​វៀត​ណាម​មានទំហំទឹក​ប្រាក់​ប្រមាណ ៣,៦១ ពាន់លានដុល្លារ កើន ២១,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងទំនិញវៀត​ណាម​នាំ​ចូល​មកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៤,១៦ ពាន់លានដុល្លារ កើន ១៥,៤ភាគរយ៕ ដោយ៖ក្រុមការងារMoINFO APP