ឯកឧត្តម ម៉ែន អេង និងឯកឧត្តម ម៉ម វណ្ណៈ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភះ ឆ្នាំ២០២៥

 

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន​៖ លោក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង, លោកប្រធានមន្ទីរព័ត៌មានខេត្ត, រួមទាំងសិក្ខាកាមដែលបានអញ្ជើញចូលរួមសរុបប្រមាណ ១១៥នាក់។

ឯកឧត្តមអភិបាលរង បានថ្លែងថា កម្មករ កម្មការិនីនៅក្នុងខេត្តស្វាយរៀង មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែកត្តាសុខសន្តិភាពការអភិវឌ្ឍ និងបង្កើតថ្មីទៀតនូវរោងចក្រសហគ្រាស ជាពិសេសគឺតំបន់សេដ្ឋកិច្ចពិសេសកំពុងតែដំណើរការយ៉ាងមមារញឹកជាហេតុធ្វើឱ្យបងប្អូនកម្មករ កម្មការិនី ធ្វើការងារបានជាប់លាប់ជាប្រចាំថ្ងៃ។

ឯកឧត្តម បានផ្ដាំផ្ញើទៅបងប្អូនកម្មករកម្មការិនី ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺកាត់បន្ថយការហូបគ្រឿងកំប៉ុងដែលមានជាតិផ្អែម។

ឯកឧត្តម ម៉ែន អេង បានបន្ថែមថា យុវជន បងប្អូនទាំងអស់ ត្រូវជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា នៅក្នុងការធ្វើដំណើរ។

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងយ៉ាងទទូចថា សូមឱ្យបងប្អូនទាំងអស់គ្នា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍នៃ ប.ស.ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ព្រោះប.ស.ស បានកាត់បន្ថយការចំណាយរបស់បងប្អូនច្រើនណាស់ក្នុងជីវភាពជាប្រចាំថ្ងៃ។

យោងតាមរបាយការណ៍របស់លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១២កន្លែង បាននិងកំពុងដំណើរការ ចំនួន ១១កន្លែង ដែលមានសហគ្រាស គ្រឹះស្ថានដែលបានចុះបញ្ជី សរុបចំនួន ១០១៤កន្លែង មានកម្មករនិយោជិត សរុបចំនួន ១៣៤ ៧១១នាក់ ស្រី ចំនួន ៧៧៥៩៩នាក់ ក្នុងនោះមានកម្មករនិយោជិតខ្មែរ ចំនួន  ១៣២ ៦៣៣នាក់ ស្រី ចំនួន ៥៩ ៧០៦នាក់ បរទេសសរុបចំនួន ២ ០៧៨នាក់ ស្រី ៩៩០នាក់។

អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រអទិភាព ចំនួន ៥ រួមមាន៖ ១. ការអភិវឌ្ឍន៍លក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ២.ការអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ៣. អភិវឌ្ឍន៍មុខរបរ និងការងារ ៤. អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងទី៥. ការពង្រឹងអភិបាលកិច្ចល្អ។