គេហទំព័រ pyknews (www.pyknews-24.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ភូមិចំនួន២៣ ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល ត្រូវបានបញ្ចប់នូវការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ


ខេត្តកណ្តាល៖ ភូមិចំនួន២៣ ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល ត្រូវបានបិទផ្សាយបញ្ចប់ នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដើម្បីមកពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួនពីភាពត្រឹមត្រូវពិតប្រាកដជៀសវាងខុសឆ្គងដោយប្រការណាមួយ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ 


លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល បានលើកឡើងថា៖ ការបញ្ចប់ការវាស់វែងក្បាលដីមានលក្ខណៈជាប្រព័ន្ធ ក្នុងស្រុកអង្គស្នួល នាពេលនេះគឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយ។ ការចុះបញ្ជីដីធ្លី មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី និងបានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ហើយទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ។ 


ជាមួយគ្នានេះ លោក អភិបាលស្រុក បានថ្លែងការសាទរ និងអរគុណចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបញ្ចប់ការចុះបញ្ជីលក្ខណៈជាប្រព័ន្ធទាំងស្រុង ជូនប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល ព្រោះការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះមានសារសំខាន់ និងផលប្រយោជន៍ច្រើនណាស់សម្រាប់ពលរដ្ឋ ទាំងការគ្រប់គ្រង និងការប្រើប្រាស់ ជាពិសេស អំឡុងពេលដែលក្នុងមូលដ្ឋាន ក៏ដូចប្រទេសជាតិទាំងមូល កំពុងអភិវឌ្ឍ ដែលចាំបាច់ត្រូវមានប្លង់កម្មសិទ្ធិច្បាស់លាស់។ 


ថ្លែងក្នុងឱកាសនោះដែរ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា៖ ការបិទផ្សាយបញ្ចប់ចុងក្រោយនៅក្នុងស្រុកអង្គស្នួល នាពេលនេះ គឺមានចំនួន ២៣ភូមិ រួមមាន៖ភូមិចំបក់កោង ភូមិបឹងអញ្ចាញ ភូមិព្រៃទទឹង ភូមិចន្ទ្រាថ្មី ភូមិខ្លុង ភូមិក្រាំងក្រូច ភូមិទន្លាប់ ភូមិបឹងខ្នារ ភូមិអង្គតា សិត ភូមិគោល ភូមិច្រកក្រសាំង ភូមិអង្គស្រែពោធិ៍ ភូមិរំលេច ភូមិទួលខ្នង ភូមិពពេលរលំ ភូមិទួលសេរី ភូមិត្រពាំង កំភ្លាញ់ ភូមិម៉ឺនរៀម ភូមិព្រៃរំដួល ភូមិស្រែកាច់ ភូមិខ្នារ ភូមិថ្មី និងភូមិព្រៃសំរោង ស្ថិតនៅ ឃុំទួលព្រេជ ស្រុកអង្គស្នួល ដែលមានចំនួន ២៣, ៤៥៦ក្បាលដី ហើយការបិទផ្សាយនេះ គិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាកំណត់ ហើយការបិទផ្សាយនាពេលនេះគឺជា លើកទី៤៦ សម្រាប់ស្រុកអង្គស្នួល និងជាលើកទី២៩៤ សម្រាប់ខេត្តកណ្តាលទាំងមូល៕










إرسال تعليق

أحدث أقدم