ខេត្តកណ្តាល៖ អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន ហើយត្រូវមានវិធានធានការទប់ស្កាត់មិនឲ្យត្រឡប់មកវិញបានទៀត ពីព្រោះកិច្ចការនេះគឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។
នេះជាការជំរុញ និងលើកទឹកចិត្តរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ដោយមានកាយចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការការក្រើនរំលឹក ដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ខេត្ត ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដោះស្រាយបញ្ហាខាងលើនេះឲ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានាដែលរាជរដ្ឋាភិបាលបានដាក់ចុះឲ្យអនុវត្តផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចប្រជុំនេះហើយ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវស្រុះដៃគ្នាក្នុងការចុះអនុវត្តឲ្យស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពី និងសេចក្ដីណែនាំនានាជាបន្ទាន់ ត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ត្រូវមានរបាយការណ៏ ករណីចាំបាច់ត្រូវសុំគោលការណ៍ពីថ្នាក់លើដើម្បីមានវិធានការទាន់ឲ្យសភាពការណ៍។ ជាមួយគ្នានេះឯកឧត្តមអភិបាល ក៏បានបំផុសឲ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវមានកិច្ចសហការណ៍ល្អជាមួយប្រជាពលរដ្ឋផងដែរក្នុងការរាយការណ៍ និងផ្តល់តំរុយមកសមត្ថកិច្ចអំពីករណីដែលមានការសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។






